៣.៥ តួនាទីគ្រូបាអាចារ្យ
នាទីគ្រូអាចារ្យដែលត្រូវបំពេញដល់សិស្សមាន ៥ យ៉ាងគឺៈ
ទី១៖ ដឹកនាំសិស្សឲ្យល្អដោយសុទ្ធចិត្ត ។ គ្រូគប្បីទូន្មានសិស្សឲ្យបានបទល្អ ឲ្យចេះប្រើឥរិយាបទទាំង ៤ គឺដេក ដើរ ឈរ អង្គុយ ជាដើមឲ្យមានរបៀបរៀបរយសមរម្យល្អក្នុងទីប្រជុំជន មិនឲ្យឆ្គាំឆ្គងនិងភ្នែកអ្នកដទៃ។
ទី២៖ បង្ហាត់បង្រៀនសិស្សដោយល្អ ញ៉ាំងសិស្សឲ្យរៀនល្អ គឺបង្ហាត់បង្រៀននូវអត្ថ និងព្យញ្ជនៈ ឲ្យបានត្រឹមត្រូវចេះប្រើរបៀបសេចក្ដី រៀបពាក្យល្អងអធិប្បាយពន្យល់ហេតុផលឲ្យចូលចិត្តយល់បានពិតប្រាកដ ។
ទី៣៖ គ្រូអាចារ្យគប្បីបង្ហាត់សិល្បៈវិទ្យាឲ្យអស់ចំណេះ មិនលាក់ទុក មានមកប៉ុន្មាន ក៏បង្ហាត់បង្រៀនសិស្ស ឲ្យអស់តាមចំណេះវិជ្ជាចេះចាំរបស់ខ្លួន ដោយមានឆន្ទៈដ៏ល្អ គឺចង់ឲ្យសិស្សចេះចាំដូចខ្លួន ឬលើសទៅទៀតរឹតតែប្រសើរ ។
ទី៤៖ លើកតម្កើងសិស្សក្នុងទីប្រជុំ បើយល់ឃើញថាសិស្សណាមួយ មានចំណេះវិជ្ជា មានចរិយាសណ្ដាប់ធ្នាប់សមរម្យល្អ គួរយកគុណសម្បត្តិនោះមកបង្ហាញសរសើរក្នុងទីចំពោះមុខមិត្រអាមាត្រ ជាសម្លាញ់របស់ខ្លួន ដើម្បីឲ្យមិត្តរបស់ខ្លួនមានសេចក្ដីទុកចិត្តស្និតស្នាលរាប់អាននិងការទំនុកបំរុងជាដើមដល់សិស្ស។
ទី៥៖ ធ្វើសេចក្ដីការពារសិស្សគ្រប់ទិសទាំងឡាយ បើសិស្សទៅទីណាមិនឲ្យលំបាក ដូចជាការចេញទៅរៀនសូត្រចំណេះវិជ្ជា ផ្លូវលោក ផ្លូវធម៌ជាដើម ចេះពន្យល់ណែនាំហេតុផល ឲ្យយល់ពីប្រយោជន៍នៃការសិក្សា ទាល់តែសិស្សមានចិត្តជ្រះថ្លាព្យាយាមក្នុងការសិក្សាហើយ ត្រូវជួយទំនុកបំរុងសិស្សដោយគ្រឿងសិក្សា តាមបានល្មមឲ្យសិស្សមានសេចក្ដីរីករាយស្រលាញ់ពេញចិត្តក្នុងការសិក្សា ។
៣.៦ តួនាទីសិស្ស៥យ៉ាង
សិស្សមានតួនាទី ៥ យ៉ាងដែលត្រូវគោរពប្រតិបត្តិគ្រូអាចារ្យគឺៈ
ទី១៖ ក្រោកឈរទទួលក្នុងវេលាដែលគ្រូបាអាចារ្យដើរមក គឺថាបើខ្លួនអង្គុយក្នុងទីកន្លែងណា មួយហើយស្រាប់តែគ្រូធ្វើដំណើរមកកាន់ទីកន្លែងនោះ យើងត្រូវក្រោកឈរឡើងដោយគោរព បើមានវត្ថុអ្វីកាន់នឹងដៃ គប្បីយកដាក់តាមទីកន្លែងសមគួរ ហើយរៀបចំទីសេនាសនៈឲ្យសម រម្យប្រគេនជូន បើលោកបានទីកន្លែងគួរសមហើយ យើងអង្គុយចុះលុះដល់គ្រូធ្វើដំណើរ ត្រឡប់ទៅវិញ ត្រូវជូនដំណើរឲ្យផុតពីរបងផ្ទះទើបគួរហើយចាំត្រឡប់ទៅវិញ ។
ទី២៖ គាល់បម្រើគ្រូអាចារ្យដោយចិត្តស្មោះស ។ ចូលទៅចាំបម្រើលោក បម្រើព្រឹកល្ងាចនោះបានការរៀបចំគ្រឿងចង្ហាន់ ពុំនោះ សោតប្រសិនបើលោកមានការរវល់អ្វី សិស្សមិនត្រូវព្រងើយកន្តើយគេចវេស ដោះដៃឡើយ ត្រូវតែជួយបំពេញធុរៈនោះឲ្យបានសម្រច។
“ផ្គាប់គ្រូមិនសូវមានគ្រោះខ្លួន បើផ្គាប់មិនឲ្យមួនកុំសង្ស័យ
ខុសពីរបីដងលោកអភ័យ បើមានចំណីទុកឲ្យស៊ី។
ទី៣៖ ជឿស្តាប់ឳវាទលោកទូន្មានប្រៀនប្រដៅដោយល្អចំពោះបញ្ហាណាមួយ យើងគួរគូសចំណាំក្នុងចិត្ត ហើយត្រូវត្រិះរិះមើលផងបើឃើញថាត្រូវល្អប្រញាប់ប្រតិបត្តិធ្វើតាម។
គតិភាសិត ក៏បានបញ្ជាក់ប្រាប់យើងថាៈ
“ពុតគ្រូកុំត្រាប់ច្បាប់គ្រូឲ្យយក”
ពុតគឺចរិយាមិនប្រសើរ គ្រូធ្វើដំណើរដូចម្ដេចក្ដី
កុំយកតម្រាប់អ័ប្បរាសី ត្រាប់ថ្វីព្រោះផ្ទុយក្បួនតម្រា ។
ច្បាប់ក្បួនដែលល្អដ៏ត្រឹមត្រូវ គ្រូលោកប្រដៅគួរជ្រះថ្លា
ឲ្យរើសទុកដាក់ក្នុងចិន្ដា យកតែផ្លូវណាដែលប្រណិត ។
ទី៤៖ ប្រណិប័តន៍ដោយធ្វើការងារជួយគ្រូអាចារ្យ។ សិស្សត្រូវយកចិត្តទុកដាក់បម្រើគ្រូ ធ្វើវត្តប្រតិបត្តិដូចជាសិស្សដែលនៅ ក្នុងសំណាក់គ្រូ ត្រូវឧស្សាហ៍បោសសំអាតកន្លែងរៀន ឬផ្ទះទីកន្លែងនៅ និងគក់ច្របាច់ជាដើម ។សិស្សគប្បីសិក្សាថាការប្រតិបត្តិគ្រូដោយធ្វើការងារទោះបីការងារនោះតូចតាចបន្តិចក៏ដោយ ក៏មិនត្រូវឲ្យលោកគ្រូអាចារ្យធ្វើខ្លួនឯងដែរ។ ការជ្រោមជ្រែងការគាំទ្រការសម្តែងសេចក្តីគោរព ជាការអនុមោទនាចំពោះគុណបុណ្យ ជាការបម្រើដោយប្រសើរដោយចិត្តទន់ភ្លន់ លើកស្ទួយរបស់ធ្ងន់បម្រើប្រយោជន៍ដល់ជនទាំងពួង។ មនុស្សឆ្លាតរមែងស្វែងរកគុណធម៌មកទុកក្នុងខ្លួន សាងគុណចម្រើនប្រយោជន៍ដល់សង្គមមនុស្ស សង្គមសត្វ ប្តេជ្ញាតាំងចិត្តមិនដុតសង្គម ពោលគឺមិនធ្វើឲ្យសត្វលោកក្តៅក្រហាយដោយសារខ្លួនឯងម្នាក់ឯងឡើយ ហើយគោរពស្រលាញ់ គាំទ្រនូវបុគ្គលណាដែលមានសម្ថភាពអាចផ្តល់ផលប្រយោជន៍ដល់សង្គមតូចធំសុខក្សេមក្សាន្ត។ សូមមនុស្សលោកគ្រប់គ្នា លើកនូវទង់ជ័យរបស់មនុស្សគឺគុណធម៌។ តាមពិតមានតែគុណធម៌ប៉ុណ្ណោះដែលធ្វើឲ្យមនុស្សយើងមានជីវិតប្រសើរជាងពពួកសត្វតិរច្ឆាន។
ទី៥៖ សិស្សគប្បីសិក្សាថា អាត្មាអញត្រូវរៀនសិល្ប៍វិជ្ជាអំពីលោកគ្រូអាចារ្យដោយសេចក្តីគោរព។ មិនចំពោះតែវិជ្ជាអ្វីនោះ បើសិស្សមានសមត្ថភាពរៀនបានច្រើនមុខវិជ្ជា គឺរិតតែល្អ ទោសរបស់មុខវិជ្ជានៅលើអ្នកប្រើជាសំខាន់ បើប្រើក្នុងផ្លូវត្រូវគឺជាគុណ តែបើប្រើក្នុងផ្លូវខុស គឺជាទោស។ ការប្រកបនូវមុខវិជ្ជាអ្វីមួយដើម្បីចិញ្ចឹមជីវិតក្តី ដើម្បីជាប្រយោជន៍ដល់សង្គមជាតិក្តី ត្រូវមើលឆន្ទៈខ្លួនឯងឲ្យជាក់ច្បាស់ ព្រោះឆន្ទៈគឺសេចក្តីពេញចិត្តក្នុងការងារជាកម្លាំងអាចញុំាងសេចក្តីព្យាយាមឲ្យប្រព្រឹត្តជាប់មិនដាច់ជាហេតុឲ្យសម្រេចនូវប្រយោជន៍ បើមិនដូច្នេះ វាជួបប្រទះនូវការឥតប្រយោជន៍អស់ទាំងក្នុងរឿងផ្សេងៗទៀតផង។
លោកគ្រូនិងសិស្សតោងមានធម៌ ៥យ៉ាងនេះល្អសង្រ្គោះគ្នា
ពន្យល់ហេតុផលការសិក្សា ឲ្យសិស្សជ្រះថ្លាយល់ចូលចិត្ត។
វិជ្ជាផ្លូវលោកនិងផ្លូវធម៌ ជួយលុយអង្ករកុំរឹតត្បិត
ឲ្យគ្នាបានចេះស្គាល់ក្រមក្រឹត្យ ព្រោះត្បឹតលោកគ្រូសង្រ្គោះសិស្ស។
ឯសិស្សវិញសោតត្រូវយល់ការ កុំអាងបញ្ញាថាបំផ្លើស
ស្គាល់នាទីយើងជាសិស្ស កុំឆ្កើសដេញដោលតែគ្រូឯង។
ត្រូវចេះគោរពប្រតិបត្តិគ្រូ អង្គសព្វញ្ញូទ្រង់សម្ដែង
ថាត្រូវតបគុណចេះកោតក្រែង លោកបង្រៀនឯងផុតអវិជ្ជា។