តួនាទីគ្រូបាអាចារ្យ

៣.៥ តួនាទីគ្រូបាអាចារ្យ
នាទីគ្រូអាចារ្យដែលត្រូវបំពេញដល់សិស្សមាន ៥ យ៉ាងគឺៈ
ទី១៖ ដឹកនាំសិស្សឲ្យល្អដោយសុទ្ធចិត្ត ។ គ្រូគប្បីទូន្មានសិស្សឲ្យបានបទល្អ ឲ្យ​ចេះ​ប្រើ​ឥរិយាបទទាំង ៤ គឺ​ដេក ដើរ ឈរ អង្គុយ ជាដើម​ឲ្យមាន​របៀប​រៀប​រយ​សម​រម្យ​ល្អ​ក្នុង​ទី​ប្រ​​ជុំជន មិនឲ្យឆ្គាំឆ្គង​និង​ភ្នែក​អ្នក​​ដទៃ។
ទី២៖ បង្ហាត់បង្រៀនសិស្សដោយល្អ ញ៉ាំងសិស្សឲ្យរៀនល្អ គឺបង្ហាត់បង្រៀននូវអត្ថ និង​ព្យញ្ជនៈ ឲ្យបានត្រឹម​ត្រូវ​ចេះ​ប្រើ​របៀបសេចក្ដី រៀប​ពាក្យ​ល្អង​អធិប្បាយ​ពន្យល់​ហេតុ​ផល​​​ឲ្យចូលចិត្ត​យល់បាន​ពិត​ប្រា​កដ​ ។
ទី៣៖ គ្រូអាចារ្យគប្បីបង្ហាត់សិល្បៈវិទ្យាឲ្យអស់ចំណេះ មិនលាក់ទុក មានមកប៉ុន្មាន ក៏​​បង្ហាត់បង្រៀនសិស្ស ឲ្យអស់តាមចំណេះវិជ្ជាចេះចាំរបស់ខ្លួន ដោយមានឆន្ទៈដ៏ល្អ គឺចង់​ឲ្យ​​សិស្សចេះចាំដូចខ្លួន ឬលើសទៅទៀតរឹតតែប្រសើរ ។
ទី៤៖ លើកតម្កើងសិស្សក្នុងទីប្រជុំ បើយល់ឃើញថាសិស្សណាមួយ មានចំណេះ​វិជ្ជា មាន​ចរិយាសណ្ដាប់ធ្នាប់សមរម្យល្អ គួរយក​គុណសម្បត្តិនោះ​មកបង្ហាញ​សរសើរ​ក្នុង​ទី​ចំ​ពោះ​​មុខមិត្រអាមាត្រ ជាសម្លាញ់របស់ខ្លួន ដើម្បីឲ្យមិត្តរបស់ខ្លួនមានសេចក្ដីទុកចិត្តស្និត​ស្នាល​រាប់អាននិងការទំនុកបំរុងជាដើមដល់សិស្ស​។
ទី៥៖ ធ្វើសេចក្ដីការពារសិស្សគ្រប់ទិសទាំងឡាយ បើសិស្សទៅទីណាមិនឲ្យលំបាក ដូច​​ជា​ការ​​ចេញទៅរៀនសូត្រចំណេះវិជ្ជា ផ្លូវលោក ផ្លូវធម៌ជាដើម ចេះពន្យល់​ណែ​នាំ​ហេតុ​ផល ឲ្យ​យល់​ពីប្រយោជន៍នៃការសិក្សា ទាល់​តែសិស្សមានចិត្ត​ជ្រះថ្លាព្យាយាម​ក្នុងការ​សិក្សា​ហើយ ត្រូវ​ជួយទំនុក​បំរុងសិស្ស​ដោយគ្រឿង​សិក្សា ​តាមបាន​ល្មមឲ្យ​សិស្សមាន​សេច​ក្ដី​រីក​​រាយ​ស្រលាញ់ពេញចិត្តក្នុងការសិក្សា 
៣.៦ តួនាទីសិស្ស៥យ៉ាង
          សិស្សមានតួនាទី ៥ យ៉ាងដែលត្រូវគោរពប្រតិបត្តិគ្រូអាចារ្យគឺៈ
ទី១៖ ក្រោកឈរទទួលក្នុងវេលាដែលគ្រូបាអាចារ្យដើរមក គឺថាបើខ្លួនអង្គុយក្នុងទីកន្លែង​​ណា មួយហើយស្រាប់តែគ្រូធ្វើដំណើរមកកាន់ទីកន្លែងនោះ យើងត្រូវក្រោកឈរឡើង​​ដោយ​​គោរព បើមានវត្ថុអ្វីកាន់នឹងដៃ គប្បីយកដាក់តាមទីកន្លែងសមគួរ ហើយរៀបចំទី​​សេនា​​សនៈឲ្យសម រម្យប្រគេនជូន បើលោកបានទីកន្លែងគួរសមហើយ យើងអង្គុយចុះលុះ​​ដល់​​គ្រូធ្វើដំណើរ​ ត្រឡប់ទៅវិញ ត្រូវជូនដំណើរឲ្យផុតពីរបងផ្ទះទើបគួរហើយចាំត្រឡប់ទៅ​​វិញ­ 
          ទី២ គាល់បម្រើគ្រូអាចារ្យដោយចិត្តស្មោះស ។ ចូលទៅចាំបម្រើលោក បម្រើព្រឹកល្ងាចនោះបានការរៀបចំគ្រឿងចង្ហាន់ ពុំនោះ សោត​​ប្រសិនបើលោកមានការរវល់អ្វី សិស្ស​​មិនត្រូវព្រងើយកន្តើយគេចវេស ដោះដៃឡើយ​​ ត្រូវតែជួយបំពេញធុរៈនោះឲ្យបានម្រច​
                   “ផ្គាប់គ្រូមិនសូវមានគ្រោះខ្លួន         បើផ្គាប់មិនឲ្យមួនកុំសង្ស័យ
                   ខុសពីរបីដងលោកអភ័យ              បើមានចំណីទុកឲ្យស៊ី។
          ទី៣ ជឿស្តាប់ឳវាទលោកទូន្មានប្រៀនប្រដៅដោយល្អចំពោះបញ្ហាណាមួយ យើងគួរ​​គូ​​ចំណាំក្នុងចិត្ត ហើយត្រូវត្រិះរិះមើលផងបើឃើញថាត្រូវល្អប្រញាប់ប្រតិបត្តិធ្វើតាម
          គតិភាសិត ក៏បានបញ្ជាក់ប្រាប់យើងថាៈ
                   “ពុតគ្រូកុំត្រាប់ច្បាប់គ្រូឲ្យយក”
                   ពុតគឺចរិយាមិនប្រសើរ                  គ្រូធ្វើដំណើរដូចម្ដេចក្ដី
                   កុំយកតម្រាប់អ័ប្បរាសី                  ត្រាប់ថ្វីព្រោះផ្ទុយក្បួនតម្រា ។
                   ច្បាប់ក្បួនដែលល្អដ៏ត្រឹមត្រូវ           គ្រូលោកប្រដៅគួរជ្រះថ្លា
                   ឲ្យរើសទុកដាក់ក្នុងចិន្ដា                 យកតែផ្លូវណាដែលប្រណិត ។
          ទី៤ ប្រណិប័តន៍ដោយធ្វើការងារជួយគ្រូអាចារ្យ។ សិស្ស​ត្រូវយកចិត្តទុកដាក់បម្រើគ្រូ ធ្វើវត្តប្រតិបត្តិដូចជាសិស្សដែល​​នៅ ក្នុងសំណាក់គ្រូ ត្រូវឧស្សាហ៍បោសសំអាតកន្លែងរៀន ឬផ្ទះទីកន្លែងនៅ និងគក់ច្របាច់​​ជាដើម ។សិស្សគប្បីសិក្សាថាការប្រតិបត្តិគ្រូដោយធ្វើការ​​ងារទោះបីការងារនោះតូចតាច​​បន្តិច​​​ក៏ដោយ ក៏មិនត្រូវឲ្យលោកគ្រូអាចារ្យធ្វើខ្លួនឯងដែរ។​ ការជ្រោមជ្រែងការគាំទ្រ​ការ​​សម្តែងសេចក្តីគោរព  ជាការអនុមោទនាចំពោះគុណបុណ្យ ជាការបម្រើដោយប្រសើរដោយ​​​ចិត្តទន់ភ្លន់ លើកស្ទួយ​របស់ធ្ងន់បម្រើប្រយោជន៍ដល់ជនទាំងពួង។ មនុស្សឆ្លាតរមែងស្វែងរកគុណធម៌មកទុកក្នុងខ្លួន សាងគុណចម្រើនប្រយោជន៍ដល់សង្គមមនុស្ស សង្គម​​សត្វ​ ប្តេជ្ញាតាំងចិត្តមិនដុតសង្គម ពោលគឺមិនធ្វើឲ្យសត្វលោកក្តៅក្រហាយ​​ដោយសារខ្លួនឯងម្នាក់ឯងឡើយ ហើយគោរពស្រលាញ់ គាំទ្រនូវបុគ្គលណាដែលមានសម្ថភាពអាចផ្តល់ផលប្រយោជន៍ដល់សង្គមតូចធំសុខក្សេមក្សាន្ត។ សូមមនុស្សលោកគ្រប់គ្នា លើកនូវទង់ជ័យរបស់មនុស្សគឺគុណធម៌។ តាមពិតមានតែគុណធម៌ប៉ុណ្ណោះដែល​​ធ្វើឲ្យមនុស្សយើងមានជីវិតប្រសើរជាងពពួកសត្វតិរច្ឆាន។
          ទី៥ សិស្សគប្បីសិក្សាថា ​អាត្មាអញត្រូវរៀនសិល្ប៍វិជ្ជាអំពីលោកគ្រូអាចារ្យដោយសេចក្តី​គោរព​​។ មិនចំពោះតែវិជ្ជាអ្វីនោះ បើសិស្សមានសមត្ថភាពរៀនបានច្រើនមុខវិជ្ជា គឺរិត​​​តែល្អ ទោសរបស់មុខវិជ្ជានៅលើអ្នកប្រើជាសំខាន់ បើប្រើក្នុងផ្លូវត្រូវគឺជាគុណ តែបើប្រើក្នុង​​ផ្លូវ​​ខុស គឺជាទោស។ ការប្រកបនូវមុខវិជ្ជាអ្វីមួយដើម្បីចិញ្ចឹមជីវិតក្តី ដើម្បីជាប្រយោជន៍ដល់​​សង្គម​​ជាតិក្តី ត្រូវមើលឆន្ទៈខ្លួនឯងឲ្យជាក់ច្បាស់ ព្រោះឆន្ទៈគឺសេចក្តីពេញចិត្តក្នុងការងារ​​ជា​​កម្លាំងអាចញុំាងសេចក្តីព្យាយាមឲ្យប្រព្រឹត្តជាប់មិនដាច់ជាហេតុឲ្យសម្រេចនូវប្រយោជន៍ បើមិនដូច្នេះ វាជួបប្រទះនូវការឥតប្រយោជន៍អស់ទាំងក្នុងរឿងផ្សេងៗទៀតផង។
                   លោកគ្រូនិងសិស្សតោងមានធម៌     ៥យ៉ាងនេះល្អសង្រ្គោះគ្នា
                   ពន្យល់ហេតុផលការសិក្សា            ឲ្យសិស្សជ្រះថ្លាយល់ចូលចិត្ត។
                   វិជ្ជាផ្លូវលោកនិងផ្លូវធម៌                  ជួយលុយអង្ករកុំរឹតត្បិត
                   ឲ្យគ្នាបានចេះស្គាល់ក្រមក្រឹត្យ        ព្រោះត្បឹតលោកគ្រូសង្រ្គោះសិស្ស។
ឯសិស្សវិញសោតត្រូវយល់ការ       កុំអាងបញ្ញាថាបំផ្លើស
ស្គាល់នាទីយើងជាសិស្ស              កុំឆ្កើសដេញដោលតែគ្រូឯង។
ត្រូវចេះគោរពប្រតិបត្តិគ្រូ               អង្គសព្វញ្ញូទ្រង់សម្ដែង
ថាត្រូវតបគុណចេះកោតក្រែង        លោកបង្រៀនឯងផុតអវិជ្ជា។