៣.១ តួនាទីមាតាបិតា៥យ៉ាង
មាតាបិតាជាមនុស្សសំខាន់នៅក្នុងគ្រួសារ ជាអ្នកដើរតួយ៉ាងសកម្មក្នុងការទទួលខុសត្រូវអប់រំនិងថែទាំកូន ដោយបំពេញនូវកាតព្វកិច្ច ៥ប្រការសម្រាប់សង្រ្គោះបុត្រធីតាគឺ៖
ទី១៖ មាតាបិតាគប្បីហាមកូនឲ្យវៀរអំពើបាប ក្នុងពេលដែលកូនធ្វើអំពើអាក្រក់ ត្រូវហាមឃាត់កូនយ៉ាងម៉ឺងម៉ាត់ មិនបណ្ដែតបណ្ដោយឲ្យកូនធ្វើតាមអំពើចិត្ត ឧស្សាហ៍ព្យាយាមពន្យល់ណែនាំឲ្យជឿផលនៃទោសទុច្ចរិតក្នុងបច្ចុប្បន្ននិងបរលោកឲ្យឃើញជាក់ស្ដែងឲ្យកូនរាងចាលរួញរអា ខ្លាចអំពោះអាក្រក់លែងហ៊ានប្រព្រឹត្តទៅទៀត ចេះបីបាច់ចិញ្ចឹមកូន ឲ្យបានល្អ មិនថ្នាក់ថ្នមកូនហួសពេក ឲ្យទាល់តែកូនបានចិត្តមិនកោតក្រែងត្រកូលរៀបច្បង ។
ទី២៖ ញ៉ាំងកូនឲ្យតម្កល់នៅក្នុងកុសលធម៌ ឲ្យចេះរៀនកាន់រៀនប្រព្រឹត្តអំពើសុចរិតតាមគន្លងធម៌ ពន្យល់អំពីផលនៃការប្រព្រឹត្តល្អឲ្យច្បាស់លាស់ ឲ្យដកចិត្តផ្លាស់ចំណងក្នុងផ្លូវអាក្រក់ ខ្លាចទោសបច្ចុប្បន្ននិងបរលោក ។
ទី៣៖ គប្បីអប់រំកូនឲ្យពេញចិត្តក្នុងការសិក្សារៀនសូត្រ មុនដំបូងត្រូវបង្រៀនកូនឲ្យចេះនិយាយសម្ដីត្រឹមត្រូវច្បាស់លាស់សមរម្យ ឲ្យស្គាល់ឋានៈស្គាល់វិន័យ វៀរចាកពាក្យអាក្រក់ពាក្យជេរប្រទេច អា មឹងជាដើម តាំងពីកូននៅតូច មិនបណ្ដោយឲ្យកូនរត់លេងផ្ដេសផ្ដាស់លុះកូនមានវ័យធំល្មម ត្រូវចំណាយលុយកាក់កាត់គ្រឿងសំលៀកបំពាក់ និងគ្រឿងសិក្សាមានក្ដាឆ្នួនសៀវភៅខ្មៅដៃជាដើម បញ្ជូនឲ្យទៅរៀនអក្សរសាស្រ្តផ្សេងៗ ក្នុងសាលាតាមគួរដល់កាលៈទេសៈ និងសម័យនិយម មិនបណ្ដោយទុកឲ្យកូននៅល្ងង់ទាំងប្រុសទាំងស្រី ។
ទី៤៖ រៀបចំគូស្រករទៅតាមប្រពៃណី ។
លុះកូនមានវ័យធំល្មមផុតពីការសិក្សាហើយមាតាបិតាគប្បីរៀបចំឲ្យមានផ្ទះសម្បែងគូរស្វាមីភរិយា តាមសេចក្ដីស្ម័គ្រចិត្តនៃសាមីរូបទាំងពីរខាងផងតាមគួរដល់ពូជពង្សវង្សត្រកូលនិងទ្រព្យធនជាដើមផង ។
ទី៥៖ ចែកទ្រព្យសម្បត្តិឲ្យជាដើមទុន ។
លុះរៀបចំកូនហើយ មាតាបិតាគប្បីចែកចាយទ្រព្យសម្បត្តិតាមកម្លាំងធនធាន ទោះទ្រព្យមានវិញ្ញាណក្ដី ឥតវិញ្ញាណក្ដី ក្នុងនិច្ចសម័យ១ ក្នុងកាលសម័យ១ ដើម្បីជួយបណ្ដុះបណ្ដាលឲ្យបានកើតកាលវាលគុម្ពក្នុងគ្រួសាររបស់កូនឲ្យហើយជាស្រេច ឲ្យត្រឹមត្រូវតាមលក្ខណៈច្បាប់របស់រដ្ឋ កុំឲ្យកូនមានវិវាទឈ្លោះទាស់ទែងដណ្ដើមគ្នាទៅថ្ងៃក្រោយ ។
ហេតុនេះសូមមាតាបិតានៃបុត្រធីតាទាំងឡាយគប្បីសង្រ្គោះចំពោះបុត្រដោយលក្ខណៈ ៥យ៉ាងនេះចុះ។