តួនាទីភរិយា៥យ៉ាង

៣.៤ តួនាទីភរិយា៥យ៉ាង
          ភរិយាត្រូវគោរពប្រតិបត្តិស្វាមីដោយកិច្ច ៥ យ៉ាងគឺៈ
ទី១៖ ចាត់ចែងការងារផ្ទះដោយផ្ចឹតផ្ចង់ ។ 
ភរិយាគប្បីចាត់ចែងការងារ​មានម្ហូប​ចំណី​ជា​ដើម ដោយផ្ចិតផ្ចង់​សម្រាប់​ស្វាមី​ឲ្យ​បាន​​ត្រឹម​ត្រូវ តាមពេល​វេលា ។
ទី២៖  សង្រ្គោះញាតិខាងស្វាមី នឹងខាងខ្លួនឯងដោយប្រពៃ ។
 ត្រូវមានចិត្តស្មើ មិន​ត្រូវ​​លំអៀងម្ខាងៗឡើយ ហើយព្យាយាមជួយគ្នាតាមការគួរ ។
ទី៣៖ គប្បីថែទាំទ្រព្យសម្បត្តិដែលប្ដីរកបានមិនឲ្យវិនាសខូចខាតបាត់បង់ដោយ​ការ​មិន​​គួរ ។
ទី៤៖ មិនប្រព្រឹត្តកន្លងចិត្តប្ដី​ គឺមិនត្រូវយកកំពូលស្នេហាទៅប្រគល់ឲ្យបុរសដទៃក្រៅ​ពី​ស្វាមីខ្លួនឡើយ ។
ទី៥៖ ភរិយាគប្បីឈ្លាសវៃក្នុងការងារទាំងឡាយរបស់ស្រ្តី មិនត្រូវខ្ជិលច្រអូស​ កិច្ច​ការ​ណា​មិនទាន់បានសម្រេច ត្រូវប្រញាប់រវាសរវៃធ្វើបង្ហើយ ពន្យាពេលថាថ្ងៃនោះ “ធ្វើ​អ្វី​ធ្វើ​ឲ្យ​​ហើយ កុំទុកឡើយបន្សល់កេរ្តិ៍ ។
នាទីស្វាមីភរិយា                          ប្រាំៗដូចគ្នាធម៌សង្រ្គោះ
សម្រាប់ឲ្យយើងកាន់រួមរស់            សន្ដោសដល់គ្នាជាប្រក្រតី។
បើមានខាតខុសខាងភរិយា            តាំងចិត្តឲ្យជាកុំជេរស្ដី
ពុំនោះមានខុសខាងប្រុសក្ដី            ភរិយាជាស្រីទូន្មានបាន ។
ព្រោះខ្លួនទាំងពីរជីវិតមួយ              កុំឲ្យមានព្រួយកើតរំខាន
អត់ឃ្លានមានស៊ីត្រូវក្លាហាន           សាងគ្រួសារឋានឲ្យសុខអើយ ។