៣.៨ តួនាទីទាសកម្មករឬអ្នកបម្រើការ៥យ៉ាង
ទាសកម្មករត្រូវប្រតិបត្តិនាទីរបស់ខ្លួនមាន ៥យ៉ាងគឺៈ
ទី១៖ ក្រោកឡើងធ្វើការមុនចៅហ្វាយនាយ កិច្ចការដែលចៅហ្វាយនាយដែលចាត់ចែងឲ្យធ្វើនោះ ត្រូវស្ទុះស្ទារប្រញាប់ប្រញាល់ធ្វើឲ្យបានមុនៗចៅហ្វាយនាយ ។
ទី២៖ លែងធ្វើការងារក្រោយចៅហ្វាយនាយ កិច្ចការរបស់ចៅហ្វាយនាយ ត្រូវធ្វើឲ្យដល់ទីបំផុតដល់ពេលវេលា មិនត្រូវឈប់ក្នុងពេលវេលា ចាំចៅហ្វាយនាយឈប់ចាំឈប់តាមជាដំណឹង ។
ទី៣៖ កាន់យកតែរបស់ណាដែលចៅហ្វាយនាយឲ្យប៉ុណ្ណោះ, ត្រូវមានសច្ចៈទៀងត្រង់និងចៅហ្វាយនាយរបស់ខ្លួន មិនត្រូវមានចិត្តគំនិតប្រព្រឹត្តលួចលាក់របស់ចៅហ្វាយ
នាយឡើយ។
ទី៤៖ ធ្វើការងារដោយយកចិត្តទុកដាក់ ពោលគឺធ្វើការងារឲ្យបានល្អ ។ ការងារណាដែលចៅហ្វាយនាយបញ្ជាឲ្យធ្វើ ត្រូវមានឆន្ទៈខំប្រឹងប្រែងធ្វើមិនធុញទ្រាន់មិនខ្ជីខ្ជារធ្វើឲ្យតែរួចពីដៃ ចេះសំអាតដូចជារបស់ខ្លួនធ្វើទាល់តែបានសម្រេចជាបំផុត ។
ទី៥៖ នាំកិត្តិគុណចៅហ្វាយនាយទៅពោលសរសើរក្នុងទីដទៃ, កិត្តិគុណ គឺគុណសម្បត្តិ ចរិយាសម្បត្តិ សុភាពស្លូតបូតទៀងត្រង់ ឬ គុណសម្បត្តិដែលល្បីខ្ទរខ្ទាយ, ទាសកម្មករគប្បីនាំគុណវិសេសនេះទៅពោលប្រាប់ជនដទៃ សរសើរថាចៅហ្វាយរបស់ខ្លួនមានអធ្យាស្រ័យល្អយ៉ាងនេះមួយយ៉ាងនោះមួយ ពោលពាក្យសម្ដីផ្អែមល្ហែមទៅកាន់ជនតូចតាចមិនរើសមុខ មិនដែលប្រមាថមើលងាយជាដើមដល់ជនដទៃ ដើម្បីលើកកិត្តិគុណរបស់ចៅហ្វាយនាយ ។
បណ្ដាលកិច្ចទាំងឡាយសម្រាប់សង្គមគ្រួសារ គឺមាតាបិតាសង្រ្គោះដល់បុត្រធីតាៗតបស្នងសងគុណមាតាបិតា, ស្វាមីសង្រ្គោះដល់ភរិយាៗចេះប្រតិបត្តិស្វាមី, គ្រូសង្រ្គោះដល់សិស្សៗចេះគោរពប្រតិបត្តិចំពោះគ្រូ, ចៅហ្វាយនាយសង្រ្គោះដល់ទាសកម្មករ ទាសកម្មករប្រតិបត្តិចំពោះចៅហ្វាយនាយ តាមកិច្ចដែលត្រូវសង្រ្គោះគ្នាទៅវិញទៅមក ដូចបានពោលមកហើយនោះក្នុងសង្គមគ្រួសារនោះៗ តែងបានជួបប្រទះនូវសេចក្ដីសុខ ចម្រើនសប្បាយរីករាយ ដែលមិនអាចនឹងមានឧបសគ្គណាមួយមកធ្វើឲ្យសង្គមនេះប្រេះឆាឬអន្តរាយដោយវិធីណាបាន។